ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះ ឯកឧត្តម កោ វណ្ឌី (អតីតប្រធានសាលាដំបូងខេត្តព្រះសីហនុ) ផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ចាម។ឯកឧត្តម សៀង សុខ (អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ) ផ្ទេរទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ឯកឧត្តមអភិបាលខេត្តក៏បានស្វាគមន៍ និងអបអរសាទរចំពោះការផ្ទេរ និងតែងតាំងចូលកាន់តំណែងថ្មីនៅខេត្តព្រះសីហនុ រួមមាន ឯកឧត្តម គឹម រ័ត្នណារិន (ផ្ទេរពីប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង) មកជាប្រធានសាលាដំបូងខេត្តព្រះសីហនុ។ឯកឧត្តម លាវ ស្រេង (ផ្ទេរពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល) មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្តសង្ឃឹម និងលើកទឹកចិត្តឲ្យឯកឧត្តមទាំងពីររូបបន្តការដឹកនាំដើម្បីធានាបាននូវ យុត្តិធម៌សង្គម និងលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធយុត្តិធម៌។

នាឱកាសនោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការផ្លាស់ប្តូរតំណែង របស់ចៅក្រម និងព្រះរាជអាជ្ញា រៀងរាល់ ៤ឆ្នាំម្តង គឺជាគោលការណ៍ធម្មតាក្នុងអាជីព ដើម្បីបង្កើនប្រសិទ្ធភាព នៃកិច្ចដំណើរការការងាររបស់ស្ថាប័នតុលាការ និងអយ្យការ។ ធ្វើឲ្យប្រសើរឡើង នូវសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ។ ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនចំណេះដឹងថ្មីៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម កោ វណ្ឌី និងឯកឧត្តម សៀង សុខ ព្រមទាំងមន្ត្រីទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់ និងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងក្នុងតុលា ការរបស់ក្រសួងយុត្តិធម៌។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានជួយដោះស្រាយការលំបាកនានារបស់សាលាដំបូងខេត្ត។

ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួន ៣ ដែលចៅក្រម និងព្រះរាជអាជ្ញាត្រូវអនុវត្ត ដើម្បីបម្រើផល ប្រយោជន៍យុត្តិធម៌ជូនប្រជាពលរដ្ឋ៖

១.សាមគ្គីភាពផ្ទៃក្នុង រវាងចៅក្រម និងចៅក្រម ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញា។២.កិច្ចសហការល្អ ជាមួយមន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធនានា។

៣.ការលះបង់ របស់ចៅក្រម និងព្រះរាជអាជ្ញា។

By admin

You missed